គជ់ខ្យងនៅអាសុី
រាជធានីភ្នំពេញ ៖ ខណៈដែលកម្ពុជារក្សាបានកំណើនសេដ្ឋកិច្ចប្រមាណ ៧% ក្នុង ១ឆ្នាំ អស់រយៈពេល ២ទសវត្សរ៍មកហើយនោះ បណ្ដាវិនិយោគិនអន្តរជាតិនានា ពិសេសវិនិយោគិនចិនបានមកបណ្ដាក់ទុនរកស៊ីស្ទើរគ្រប់វិស័យ ហើយកាលពីពេលថ្មីៗនេះ វិនិយោគិនចិនមួយក្រុមទៀតដែលទើបមកដល់កម្ពុជា បានឃើញពីស្ថានភាព និងសក្ដានុពលវិនិយោគ ក៏បានប្រសិទ្ធនាមជូនកម្ពុជាថាជា «គជ់ខ្យងនៅអាសុី »។
លោក លី ខៃជី ប្រតិភូដឹកនាំវិនិយោគិនចិនជាច្រើនរូបសិក្សាពីសក្ដានុពលវិនិយោគនៅកម្ពុជា បានឲ្យដឹងថា តាមពិតកម្ពុជា គឺជាប្រទេសមានសេដ្ឋកិច្ចខ្លាំងក្លាមួយនៅក្នុងតំបន់ព្រមទាំងមានភាពល្បីល្បាញយូរមកហើយ ក៏ប៉ុន្តែដោយសារតែប្រទេសនេះទទួលរងឥទ្ធិពលអាក្រក់ដោយសារតែសង្គ្រាមរ៉ាំរ៉ៃអស់ជាច្រើនទសវត្សរ៍ ទើបធ្វើឲ្យប្រទេសត្រូវខាតបង់ និងសេដ្ឋកិច្ចធ្លាក់ដុនដាប ។
លោកបន្តថា ក្រោយពីទទួលបានសុខសន្តិភាពពេញបរិបូរណ៍ ប្រទេសកម្ពុជាក៏ឃើញថាចាប់ផ្ដើមមានកំណើនសេដ្ឋកិច្ចខ្លាំងឡើងៗ ។ ជាក់ស្ដែងក្នុងរយៈពេលជាង២ទសវត្សរ៍មកនេះកំណើនសេដ្ឋកិច្ចកម្ពុជា រក្សាបានក្នុងរង្វង់៧% ដូចនេះហើយទើបបណ្ដាវិនិយោគិននានាទាំងក្នុងស្រុកនិងក្រៅប្រទេស បានចូលមកវិនិយោគបណ្ដាក់ទុនលើវិស័យនានាទៅតាមជំនាញរបស់ពួកគេ ក្នុងនោះដែរ ចិនក៏មានវិនិយោគិនច្រើនជាងគេដែរ កំពុងវិនិយោគក្នុងប្រទេសមួយនេះ ។
លោកថា ៖«ក្នុងនាមជាអ្នកវិនិយោគិនមួយរូបមកពីប្រទេសចិន យើងនឹងទាក់ទាញវិនិយោគិនចិន និងពីប្រទេសផ្សេងទៀតដែលយើងមានទំនាក់ទំនងល្អនឹងគ្នា ដើម្បីមកវិនិយោគនៅកម្ពុជា ដូចជា មកពីអាមេរិក តៃវ៉ាន់ និងអឺរ៉ុប ជាដើម »។
លោកបន្ថែមថា បច្ចុប្បន្ននេះ កម្ពុជាកំពុងតែបោះជំហានទៅមុខបន្តទៀតហើយ ដូចនេះហើយដើម្បីឲ្យប្រទេសនេះកាន់តែរីកចម្រើនទៅមុខ គឺតម្រូវឲ្យមានការវិនិយោគទាំងក្នុងនិងក្រៅប្រទេស ។ ក្នុងនោះ ការវិនិយោគលើវិស័យបច្ចេកវិទ្យា ក៏កំពុងតែមានសក្ដានុពលក្នុងប្រទេសកម្ពុជាផងដែរសម្រាប់បម្រើឲ្យវិស័យនានា ។
កម្ពុជាបានឆ្លងផុតពីឋានៈប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាបជាផ្លូវការក្នុងឆ្នាំ២០១៥ ព្រមទាំងត្រូវបានចាត់ទុកថាជា «ខ្លាសេដ្ឋកិច្ចថ្មីនៅអាស៊ី»ក្នុងឆ្នាំ២០១៦ ។ កំណើនដ៏រឹងមាំនេះ បានបង្កើតការងារជាច្រើនដល់ប្រជាពលរដ្ឋទូទាំងប្រទេស ដែលឆ្លុះបញ្ចាំងតាមរយៈតួលេខរបស់ធនាគារពិភពលោក បានបង្ហាញពីភាពគ្មានការងារធ្វើនៅប្រទេសកម្ពុជាស្ថិតក្នុងអត្រា០,៣% និងភាពក្រីក្រតោកយ៉ាកត្រូវបានលុបបំបាត់ចោលទាំងស្រុងក្នុងឆ្នាំ២០១៧ ។ ទន្ទឹមនេះ ប្រាក់ចំណូលរបស់ប្រជាជន ក៏មានការកើនឡើងផងដែរ ដោយផលិតផលក្នុងស្រុកសរុបក្នុងមនុស្សម្នាក់កើនពី១.០៤២ដុល្លារអាមេរិកក្នុងឆ្នាំ២០១៣ ដល់ប្រមាណ១.៤២៧ដុល្លារអាមេរិកក្នុងឆ្នាំ២០១៧ និង១.៥៦៣ដុល្លារអាមេរិកនៅក្នុងឆ្នាំ២០១៨នេះ ។
ជាមួយគ្នានេះ ក្នុងឆ្នាំ២០១៨ និង២០១៩ សេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងថា នឹងនៅបន្តកំណើនក្នុងរង្វង់ប្រមាណ៧,០% ដែលទ្រទ្រង់ដោយមូលដ្ឋានកំណើនសំខាន់ៗមួយចំនួនដូចជា វិស័យសំណង់, ការបន្តកំណើននៃវិស័យកាត់ដេរ និងវិស័យកសិកម្ម និងការងើបឡើងខ្លាំងនៃវិស័យទេសចរណ៍ និងវិស័យលក់ដុំ-រាយ ។
កញ្ញ៉ា ប៊ុត កេរ៉ាឌី អគ្គនាយិកាក្រុមហ៊ុនមួយដែលទើបបង្កើតថ្មីបាននិយាយថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះមានល្បឿនលឿនបំផុត នៅក្នុងតំបន់អាសុីអាគ្នេយ៍ ។
កញ្ញ៉ាថា ៖«មានមូលហេតុជាច្រើនដែលវិនិយោគិនទាំងអស់ កំពុងផ្តោតមកនៅប្រទេសកម្ពុជា ជាពិសេសគឺកត្តាសន្ដិភាព និងស្ថិរភាពភាពនយោបាយ ព្រមទាំងមានវប្បធម៌ដ៏សម្បូរបែប »។
កញ្ញាបន្ដថា ៖«ការកើនឡើងគួរឱ្យកត់សម្គាល់ចំពោះវិនិយោគិនបរទេស ដែលកំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជាលើគ្រប់វិស័យដូចជា វិស័យអចលនទ្រព្យ វិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច បានផ្ដល់ឱកាសនិងប្រយោជន៍ច្រើនដល់កម្ពុជាយើង និងអាចជំរុញឲ្យសេដ្ឋកិច្ចកម្ពុជានៅតែរក្សាកំណើនដ៏គួរឲ្យពេញចិត្ត»។
លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យឯកជន ជាក្បាលម៉ាសុីនដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ហើយរាជរដ្ឋាភិបាលក៏បានស្វាគមន៍បណ្ដាវិនិយោគិនបរទេសទូទៅ ដោយគ្មានប្រកាន់ជាតិសាសន៍ឡើយ ។
លោកជំទាវបន្ដថា ៖«កត្តាអំណោយផលមួយចំនួន រួមទាំងការលូតលាស់ផ្នែកសេដ្ឋកិច្ច យ៉ាងលឿន ជាពិសេសខាងពាណិជ្ជកម្ម សំណង់ ទេសចរណ៍ ហិរញ្ញវត្ថុ កម្លាំងពលកម្មនៅមានតម្លៃទាប និងច្បាប់វិនិយោគអនុគ្រោះដល់ធុរកិច្ច ទើបកម្ពុជាកំពុងប្រែក្លាយជាគោលដៅថ្មីមួយគួរឲ្យចាប់អារម្មណ៍ពីសំណាក់វិនិយោគក្នុងនិងក្រៅប្រទេស»៕
ដកស្រង់ចេញពី អត្ថបទ កោះសន្តិភាព